ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អញ្ចើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ ដែលជាអំណោយរបស់ក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

          បន្ទាប់ពីបានសាងសង់រួចរាល់ជាស្ថាពរ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥ នៅបញ្ជាការដ្ឋានកាំភ្លើងធំបានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ ។ នៅក្នុងរបាយការណ៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ណុប រតនា នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការ បញ្ជាការដ្ឋានកងកាំភ្លើងធំ បានរាយការណ៍ជូនអង្គពិធីជ្រាបថា ការរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ នាថ្ងៃនេះ គឺជាសមិទ្ធផលដ៏ថ្លៃថ្លាមួយ ក្នុងចំណោមសមិទ្ធិផលជាច្រើនដែលជាអំណោយរបស់ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។

         អគាទីបញ្ជាការនេះមានកម្ពស់ពីរជាន់ សាងសង់ពីឥដ្ឋប្រក់ក្បឿង ជារចនាបទខ្មែរ មានបណ្តោយ ៣៤,៥០ម៉ែត្រ ទទឹង ១៣,៥០មែត្រ រួមមាន ១៩បន្ទាប់ បន្ទប់អនាម័យ១ សាលប្រជុំ១ ហើយនៅក្នុងបន្ទប់ការិយាល័យនីមួយ ៗ មានបំពាក់ដោយបន្ទប់ទឹក ម៉ាស៊ីនត្រជាក់ គ្រឿងសង្ហារឹម សម្ភារៈការិយាល័យ ហើយសាងសង់រយៈពេល ១២ខែ ដែលចំណាយថវិកាចំនួន ២៧៩,៤២៣ដុល្លារអាមេរិក គឺជាថវិកាឧបត្ថម្ភដោយក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងថវិកានៅសល់គឺជាថវិកាអង្គភាព ។

         លោកវរសេនីយ៍ឯក ង្វៀន អាញ់យ៉ុង នាយការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា បានមានប្រសាសន៍ថា អគារទីបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ ដែលបានជួយឧបត្ថម្ភនាថ្ងៃនេះ គឺស្ថិតនៅក្នុងគម្រោងកិច្ចសហប្រតិបត្តិការរយៈពេល ០៥ឆ្នាំ (២០០៩-២០១៣) រវាងក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាមួយក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។ ចំពោះអគារទីបញ្ជាការនេះ គឺនៅក្នុងគម្រោងប្រចាំឆ្នាំ២០១៣ សម្រាប់ជួយគាំទ្រឧបត្ថម្ភដល់បញ្ជាការដ្ឋានកាំភ្លើងធំ ដើម្បីបំពេញភារកិច្ចប្រចាំថ្ងៃ ហើយក៏ជាការឆ្លុះបញ្ចាំងពីសមិទ្ធផល និងស្នាដៃសំខាន់ៗ ដ៏ធំធេងក្នុងការអភិវឌ្ឍកងទ័ពផងដែរ ។

         លោកវរសេនីយ៍ឯក ង្វៀន អាញ់យ៉ុង ក៏បានបញ្ជាក់បន្ថែមថា ក្រុមការងាររបស់ក្រសួងការពារប្រទេស នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ក៏បានរៀបចំរួចរាល់នូវឯកសារកិច្ចព្រមព្រៀង គម្រោងកិច្ចសហប្រតិបត្តិការរយៈពេល ០៥ឆ្នាំបន្ត ដោយរង់ចាំពេលវេលាសមស្របរបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ចុះហត្ថលេខាជាការសម្រេច ដែលជាការបង្ហាញពីចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការដ៏វិសេសវិសាលរវាងកងទ័ពប្រជាជនវៀតណាម និងកងយោធពលខេមរភូមិន្ទ នាពេល អនាគត ។

        នៅក្នុងពិធីសម្ពោធនេះ ដោយពិនិត្យពីការខ្វះខាតជាក់ស្តែងរបស់បញ្ជាការដ្ឋានកាំភ្លើងធំ លោក វរសេនីយ៍ឯក ង្វៀន អាញ់យ៉ុង ក្នុងនាមតំណាងឱ្យ ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏បានសន្យាជួយអគារ ០១ខ្នងបន្ថែមទៀតផងដែរ ។

        នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ក្នុងនាមរាជរដ្ឋាភិបាល ក្រសួងការពារជាតិ បានបញ្ជាក់ថា អគារទីបញ្ជាការនេះគឺជានិមិត្តរូបមួយ និងជា សមិទ្ធផលថ្មីមួយបន្ថែមទៀតក្នុងចំណោមសមិទ្ធផលនានា ដែលកើតចេញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជិតស្និទ រវាងក្រសួងការពារប្រទេសទាំងពីរកម្ពុជា-វៀតណាម ដែលបង្ហាញពីការខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តរបស់ ក្រសួងការពារជាតិ ក្នុងការអភិវឌ្ឍធនធានមនុស្ស ស្របតាមយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៣ របស់រាជរដ្ឋាភិ បាលកម្ពុជា និងផែនការកំណែទម្រង់កងយោធពលខេមរភូមិន្ទ ដែលឈរលើកិច្ចសហប្រតិបត្តិការ សាមគ្គីភាព មិត្តភាព ជាមួយអន្តរជាតិ ។

        បន្ទាប់ពីទទួលបានអគារទីបញ្ជាការ ថ្នាក់ដឹកនាំបញ្ជាការដ្ឋានកាំភ្លើងធំ ត្រូវខិតខំគិតគូរដល់ការងារកសាងធន ធានមនុស្ស សម្រាប់ទ្រទ្រង់ភារកិច្ចពេលខាងមុខឱ្យបានល្អប្រសើរសមស្របតាមអគារដែលទើបទទួលបាននាថ្ងៃនេះ ដោយជម្រុញឱ្យនាយទាហាន និងពលទាហានទាំងអស់ ត្រូវយល់ដឹងពីតួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីធានាបាននូវ កិច្ចការពារប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវអធិបតេយ្យជាតិ និងបូរណភាពទឹកដី សន្តិសុខនិងសណ្តាប់ធ្នាប់សង្គមនៅ កម្ពុជា ព្រមទាំងមានស្មារតីជឿជាក់លើការងារដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ។

        ទន្ទឹមនេះ ត្រូវធ្វើការប្តេជ្ញាឱ្យសម្រេចគ្រប់រាល់ភារកិច្ច និងត្រូវខិតខំធ្វើការអប់រំជាប្រចាំតាមរយៈការបង្កើនការ ហ្វឹកហ្វឺន ការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ ឱ្យស្របតាមសភាពការណ៍វិវត្តន៍ថ្មីៗនាពេលបច្ចុប្បន្ន និងទៅអនាគត ។

        ម្យ៉ាងវិញទៀត ជំនួយឧបត្ថម្ភដ៏មានតម្លៃរបស់កងទ័ពប្រជាជនវៀតណាម ដល់កងយោធពលខេមរភូមិន្ទ នាពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ដល់ការងារអភិវឌ្ឍន៍សង្គមកិច្ច និងកិច្ចការពារជាតិ ហើយឯកឧត្តម មាន សេចក្តីសង្ឃឹមយ៉ាងមុតមាំងថា រាជរដ្ឋាភិបាល និងកងទ័ពប្រជាជនវៀតណាមនឹងនៅតែបន្តជួយឧបត្ថម្ភគាំទ្រដល់កម្ពុជា បន្ថែមទៀត ដើម្បីរួមចំណែកដល់ការរក្សាសន្តិភាព ស្ថេរភាពក្នុងតំបន់ និងនៅលើសកលលោក។

        ក្នុងនាមក្រសួងការពារជាតិ និងក្នុងនាមឯកឧត្តមផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋាភិបាល កងទ័ព និងប្រជាជន ព្រមទាំងអនុព័ន្ធយោធានៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា ដែលជានិច្ចកាល តែងតែជួយឧបត្ថម្ភគាំទ្រជានិច្ចដល់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេស ជាតិឱ្យកាន់តែមានភាពរីកចម្រើនជាបន្តបន្ទាប់ ។

        នៅទីបញ្ចប់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ក៏បានគូសបញ្ជាក់បន្ថែមជូនអង្គពិធីជ្រាប ពីសភាពការណ៍ ក្នុងប្រទេសវិវត្តន៍ថ្មីៗចុងក្រោយមួយចំនួន ដែលបង្កឡើងដោយគណបក្សប្រឆាំង ដែលឆ្លៀតឱកាសកេងចំណេញផ្នែក នយោបាយខុសពីនីតិវិធីច្បាប់បោះឆ្នោត ដោយពួកគេបានធ្វើការឃោសនា នៅតាមវេទិកា តាមខេត្តនានា មុនពេល បោះឆ្នោត ក្នុងគោលបំណងជម្រុញសកម្មភាព ឱ្យប្រាសចាកពីគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។

        ដើម្បីជាការលើកទឹកចិត្តដល់នាយទាហាន ដែលបានសម្រេចភារកិច្ចជូនជាតិមាតុភូមិ និងសប្បុរសជន ដែបាន ជួយឧបត្ថម្ភដល់ការសាងសង់អគារទីបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកាំភ្លើងធំ នៅក្នុងពិធីនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ក៏បានបំពាក់ឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ចំនួន ០៦រូប (ក្នុងនោះថ្នាក់ឧត្តមសេនីយ៍ទោ ០១រូប ថ្នាក់ ឧត្តម សេនីយ៍ត្រី ០៥រូប) បំពាក់មេដាយជាតូបកាជូននាយទាហានចំនួន ០២រូប បំពាក់មេដាយសហមេត្រី ជូនមន្រ្តីអនុព័ន្ធ យោធាវៀតណាមប្រចាំកម្ពុជាចំនួន ០៤រូប (ថ្នាក់សេនា ០១រូប និងថ្នាក់ធិបឌិន្ទ ០៣រូប) បំពាក់មេដាយសុវត្ថិរាថ្នាក់ មហាសេរីវឌ្ឍន៍ជូននាយទាហានចំនួន ០៩រូប មេដាយសុវត្ថិរាថ្នាក់មហាសេនាជូននាយទាហានចំនួន ១១រូប មេដាយ ព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេរីវឌ្ឍន៍ ជូននាយទាហានចំនួន ០៦រូប មេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់ធិបឌិន្ទ ជូននាយទាហានចំនួន ០២រូប ផងដែរ ។

         បន្ទាប់មក ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ និងលោកវរសេនីយ៍ឯក ង្វៀន អាញ់យ៉ុង ក្នុងនាមតំណាង ក្រសួងការពារជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារទីបញ្ជាការ បញ្ជាការដ្ឋានកាំងភ្លើងធំ ផងដែរ ៕