Deprecated: mysql_connect(): The mysql extension is deprecated and will be removed in the future: use mysqli or PDO instead in /home/dpmtea/public_html/includes/db/mysql.php on line 36
 cabinet
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី២ តៀ្រមសាងសង់វិមានឈ្នះ ឈ្នះ និងការបញ្ចប់ សង្គ្រាមស៊ីវិលនៅកម្ពុជា

           យោងតាមស្មារតីប្រជុំលើកទី១ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ គណៈកម្មការសសម្រាប់សិក្សា និងរៀបចំសាងសង់វិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ និងការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ហៅកាត់ថា វិមានឈ្នះ ឈ្នះ បានអនុវត្តន៍ការងារជាបន្តបន្ទាប់ទទួលបានលទ្ធផលជាទីមោទនៈ មានជាអាទិ៍ ការបង្កើតក្រុមការងារសម្រាប់សិក្សាគម្រោងប្លង់សាងសង់វិមានឈ្នះ ឈ្នះ ការរៀបចំកិច្ចប្រជុំ និងពិគ្រោះយោបល់ ដើម្បីពិភាក្សាលើកការងារជ្រើសរើស និងទំហំដីបរិវេណដែលត្រូវសាងសង់ និងរចនាបទជាបឋម ។ល។

          ទន្ទឹមនេះ ក៏បានចាត់តាំងក្រុមការងារឱ្យចុះទៅសិក្សាស្រាវជ្រាវឯកសារប្រវត្តិសាស្ត្រ ខ្លឹមសារអត្ថន័យផ្សេងៗ ពាក់ព័ន្ធនឹងប្រវត្តិសាស្រ្ត ទស្សនវិជ្ជា ស្តីពីសុខដុមនីយកម្មខ្មែរ ពិសេសដើម្បីធ្វើការផ្សព្វផ្សាយខ្លឹមសារបន្ថែមឱ្យស៊ីជម្រៅ នៅតាមមជ្ឈមណ្ឌលឯកសារនានានូវនយោបាយ ឈ្នះ ឈ្នះ ។

          រហូតមកដល់បច្ចុប្បន្នក្រុមការងារជំនាញនីមួយៗ របស់គណៈកម្មការ បានចងក្រងឯកសារទស្សនទានប្រវត្តិ សាស្ត្រសុខដុមនីយកម្មជាបឋមមួយចំនួន ព្រមទាំងគិតគូរៀបចំរចនាបទ ចារឹកលើផ្ទាំងសិលា វិមានឈ្នះ ឈ្នះ ការតម្កល់ឯកសារទុកក្នុងបណ្ណាល័យ ព្រមទាំងបានធ្វើការស្រាវជ្រាវ និងរៀបចំខ្សែវីឌីអូប្រវត្តិប្រាង្គប្រាសាទនានា និងកែសម្រួលបកប្រែឯកសារពាក់ព័ន្ធមួយចំនួនស្របនឹងខ្លឹមសារអត្ថន័យការអនុវត្តនយោបាយឈ្នះ ឈ្នះ។

           ដើម្បីអនុវត្តន៍ការងារឱ្យកាន់តែទទួលបានលទ្ធផលជាផ្លែផ្កាបន្ថែមទៀត នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ នៅក្រសួងការពារជាតិ គណៈកម្មការសម្រាប់សិក្សា និងរៀបចំសាងសង់វិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ បានបើកកិច្ចប្រជុំលើកទី២ របស់ខ្លួន ដើម្បីត្រួតពិនិត្យលើការងារត្រៀមរៀបចំគ្រប់ផ្នែក សម្រាប់សាងសង់វិមាន ឈ្នះ ឈ្នះ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធាន គណៈកម្មការ ។

           នៅក្នុងរបាយការណ៍សង្ខេបរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចបរទេស និងជាប្រធានក្រុមការងារសិក្សា និងសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ ឈ្នះ និងការ បញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា បានគូសបញ្ជាក់ថា ក្នុងរយៈពេល ២ខែ គិតចាប់ពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ មកនេះ ក្រុមការងារបានខិតខំបំពេញភារកិច្ចយ៉ាងសកម្មរបស់ខ្លួន ដោយបានកសាងឯកសារទស្សនទាន សុខដុមនីយកម្មខ្មែរ សម្រាប់នយោបាយឈ្នះ ឈ្នះ បានកសាងខ្សែវីដេអូ គម្រោងប្លង់ និងជ្រើសរើសទីតាំងសម្រាប់សាងសង់ ។ ឯកឧត្តម ណឹម សុវត្ថិ បានបញ្ជាក់ទៀតថា បុព្វហេតុនៃការសាងសង់វិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ និងការបញ្ចប់ សង្គ្រាមនៅកម្ពុជា គឺដោយប្រទេសជាតិកម្ពុជា បានឆ្លងកាត់នូវសង្រ្គាមស៊ីវិលរាំរ៉ៃ ក្នុងប្រទេសអស់ជាងបីទស្សវត្ស ។ នៅឆ្នាំ១៩៩៨ ប្រទេសជាតិបានបញ្ចប់សង្គ្រាមផ្ទៃក្នុងទាំងស្រុងដោយនយោបាយឈ្នះ ឈ្នះ ជាគោលនយោបាយមួយមិនបង្ហូរឈាម ។

          កិច្ចប្រជុំក៏បានពិភាក្សាលម្អិតលើរបៀបវីរៈមួយចំនួន ដែលបានគ្រោងទុក ដោយបានឯកភាពជាបឋមលើការងារសំខាន់ៗ មួយចំនួនដើម្បីស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាល រួមមាន ខ្លឹមសារគោលការណ៍ដឹកនាំរបស់គណកម្មការ, ខ្លឹមសារឯកសារប្រវត្តិសាស្ត្រស្តីពីទស្សនវិជ្ជាសុខដុមនីយកម្ម, ការកំណត់ទីតាំង និងទំហំដីបឋមសម្រាប់សាងសង់វិមានឈ្នះ ឈ្នះ, រូបភាព ទំហំ ហេដ្ឋារចនាសម្ព័ន្ធអម និងរចនាបទបឋមនៃវិមានឈ្នះ ឈ្នះ ព្រមទាំងបញ្ហាផ្សេងៗទៀត ។

          មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានថ្លែងថា ជាច្រើនរយឆ្នាំកន្លងមកនេះ កម្ពុជាមិនធ្លាប់ទទួលបាននូវសុខសន្តិភាពដូចបច្ចុប្បន្ននេះទេ ។ សន្តិភាពដ៏ពេញលេញនៅទូទាំង ប្រទេសនាពេលនេះ គឺដោយសារនយោបាយ ឈ្នះ ឈ្នះ ។ ស្តូបវិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ និងការ បញ្ចប់សង្គ្រាមនៅកម្ពុជានេះ មានអត្ថន័យធំធេងណាស់ ហើយបានគ្របដណ្តប់ទូទៅទៀតផង និងមានគោលបំណង ដើម្បីរំលឹកដល់ជោគជ័យ នៃការបញ្ចប់សង្គ្រាម ការទទួលបាននូវការឯកភាព និងទទួលបានសន្តិភាព ដោយសន្តិវិធី ការផ្តល់សិទ្ធិមនុស្ស សុខសន្តិភាព ផ្លូវច្បាប់ ដែលជាកេរ្តិ៍ដំណែលនៃប្រវត្តិសាស្ត្រ សម្រាប់អ្នកជំនាន់ក្រោយ ភ្ញៀវជាតិ អន្តរជាតិ និងភ្ញៀវទេសចរណ៍មកទស្សនា បានយល់ដឹងពីតម្លៃនៃសុខសន្តិភាពដែលកម្ពុជាកំពុងទទួលបានរហូតដល់សព្វថ្ងៃនេះ ។

           ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បានផ្តល់អនុសាសន៍ណែនាំមួយចំនួនដល់សមាជិក សមាជិកាគណៈកម្មការ និងក្រុមការងារគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ថា ត្រូវយកចិត្តទុកដាក់អនុវត្តន៍ការងារ ឱ្យមានប្រសិទ្ធិភាព ក្នុងការរៀបចំកសាងវិមានឈ្នះ ឈ្នះ ដោយធានាបានទស្សនីយ៍ភាព រចនាបទ និងមានអត្ថន័យជាប្រវត្តិសាស្រ្ត ដែលជាការបង្ហាញពីភាពរឹងមាំរាប់រយឆ្នាំនាពេលអនាគត ហើយប្រជាជនគ្រប់មជ្ឈដ្ឋានទទួលស្គាល់ទាំងអស់គ្នាថា ព្រះរាជាណាចក្រកម្ពុជាមានសន្តិភាពពេញលេញ និងមានការឯករាជភាពជាតិ ដោយនយោបាយឈ្នះ ឈ្នះ។ ត្រូវបន្តសិក្សាស្រាវជ្រាវ រៀបចំព្រាងប្លង់មេ ឱ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់ដាក់ជូនរាជរដ្ឋាភិបាល ពិនិត្យសម្រេច និងត្រូវបន្តចុះសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រ និងប្រាង្គប្រាសាទនានា នៅតាមបណ្តាខេត្តមួយចំនួន ដើម្បីសិក្សាអំពីមូលដ្ឋានទស្សនវិជ្ជាសុខដុមនីយកម្មខ្មែរនៅបុរាណសម័យ ដោយផ្សាភ្ជាប់នឹងនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសមិទ្ធផលនានា ដែលសម្រេចបានចាប់ពីឆ្នាំ១៩៩៨មក ។ ត្រូវបន្តអនុវត្តន៍ការងារជំនាញទៅតាមផ្នែកនីមួយៗ តាមផែនការដែលបានគ្រោងទុក ដូចជា ការៀបចំផែនការមេ ការរៀបចំប្លង់មេ ស្ថាបត្យកម្ម និងបញ្ជីត្រួតពិនិត្យសកម្មភាពការងារលម្អិតជាជំហានៗ ដើម្បីជម្រុញកិច្ចដំណើរការសាងសង់វិមានឈ្នះ ឈ្នះ ឱ្យមានប្រសិទ្ធិភាពខ្ពស់ ៕