Deprecated: mysql_connect(): The mysql extension is deprecated and will be removed in the future: use mysqli or PDO instead in /home/dpmtea/public_html/includes/db/mysql.php on line 36
 cabinet

ព័ត៌មាន

 

         តបតាមការអញ្ជើញ របស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការពារប្រទេសម៉ាឡេស៊ី នាព្រឹកថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងការពារជាតិ អញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី៩(9th ADMM) នៅទីក្រុងLangkawi ប្រទេសម៉ាឡេស៊ី ។

         តាមការផ្តល់ព័ត៌មានជាបឋម របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ បានជម្រាបជូនអ្នកយកព័ត៌មានជាតិ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី៩(9thADMM) នៅ ទីក្រុងLangkawi ប្រទេសម៉ាឡេស៊ី រួមមាន កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី៩(9thADMM) ការចូលរួមតាំងពិព័រណ៌អន្តរជាតិសន្តិសុខលម្ហសមុទ្រ និងលំហាត់ហ្វឹកហ្វឺនពហុសាសន៍ ដោយក្នុងនោះក៏មានកម្លាំងកម្ពុជាចូលរួមផងដែរ ។

         តាមការគ្រោងទុក របៀបវារៈនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី៩ នឹងពិនិត្យលើខ្លឹមសារសំខាន់ ពាក់ព័ន្ធនឹងសន្តិសុខអាស៊ាន របាយការណ៍របស់មន្ត្រីជាន់ខ្ពស់ការពារជាតិអាស៊ាន និងកិច្ចប្រជុំ អគ្គមេបញ្ជាការកងទ័ពអាស៊ាន ដោយលើកយកប្រធានបទសំខាន់ៗមកពិភាក្សា រួមមានជាអាទិ៍ ការសង្គ្រោះគ្រោះមហន្តរាយ ការទំនាក់ទំនងបែបបទឯកសារសម្រាប់អាស៊ានឬADMM-បូក និងការបង្កើតមជ្ឈមណ្ឌលវិជ្ជសាស្ត្រយោធា ដែលជាភារកិច្ចទើបបង្កើតថ្មី ។ល។

         នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី៩នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ នឹងបន្តជម្រុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ គឺប្រតិបត្តិការរក្សាសន្តិភាព ដោយយោងតាមសេចក្តីថ្លែងការណ៍រួមលើកទី៣ នៅទីក្រុងបាលី ក្រោមប្រធានបទ “សហគមន៍អាស៊ាននៅក្នុងសហគមន៍ជាសកលលោក” ដោយតម្រូវឲ្យថ្នាក់ដឹកនាំទាហានមានគោលជំហរអាស៊ានទាំងមូល ដោយ ស៊ីសង្វាក់គ្នា សម្របសម្រួលគ្នា នៅក្នុងការឆ្លើយតបទៅនឹងបញ្ហាសកល ដែលមានប្រយោជន៍រួមឈរលើទស្សនៈសកលរបស់អាស៊ានរួមគ្នា ដែលនឹង ជម្រុញឲ្យមានសម្លេងរួមរបស់អាស៊ាននៅលើវេទិកាពហុភាគីពាក់ព័ន្ធផ្សេងៗ ។

          ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ក៏បានបញ្ជាក់បន្ថែមថា នៅក្នុងឆ្នាំនេះ កងយោធពលខេមរភូមិន្ទ នឹងរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍សំខាន់ៗចំនួន០៣ ក្រោមក្របខណ្ឌនៃADMM និងADMM-បូករួមមានកិច្ចប្រជុំក្រុមការងារជំនាញADMM-បូក ស្តីពីប្រតិបត្តិការរក្សាសន្តិភាព សន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ានលើកទី១២ និងកិច្ចប្រជុំបណ្តាញមជ្ឈមណ្ឌលរក្សាសន្តិភាពអាស៊ានលើកទី៣ ។

         ក្នុងបរិបទនេះ ប្រតិបត្តិការរក្សាសន្តិភាព អាចជាឧបករណ៍ការទូតរួមប្រកបដោយឧត្តមភាព នៅលើឆាក អន្តរជាតិ ។ កម្ពុជាយល់ឃើញថា អាស៊ានអាចចូលរួមចំណែកនូវធនធានរបស់ខ្លួន ព្រមទាំងជំនាញដែលទាក់ទងនឹងបញ្ហាផ្សេងៗ ដែលជាតម្រូវការដ៏ខ្លាំងនៅក្នុងពិភពលោក ដែលកំពុងជួបចលាចល វឹកវរផ្សេងៗនាពេលនេះ ។

 

អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ

 

រាជធានីភ្នំពេញ,ថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០១៥