cabinet

     ដោយមានការជួយឧបត្ថម្ភគាំទ្រ ទាំងថវិកា សម្ភារៈ និងស្មារតីពីសំណាក់ប្រតិភូ R & A នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១១ នៅទីលានវាយកូនគោលហ្គ្រេនភ្នំពេញ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ណឹម សុវត្ថិ នាយកខុទ្ទកាល័យឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីនៅក្នុងពិធីបិទសិក្ខាសាលាស្ដីពី Introductory Rules School ដោយមានសិក្ខាកាមចូលរួមចំនួន ៤៥នាក់នេះ ក្នុងនោះមានសិក្ខាកាមប្រទេសឡាវចំនួន ០៥នាក់ អញ្ជើញ ចូលរួមផងដែរ។

      នៅក្នុងពិធីបិទ ឯកឧត្ដមបានសំដែងនូវការកោតសរសើរដោយស្មោះ ចំពោះការខិតខំប្រឹងប្រែងរបស់សហព័ន្ធវាយ កូនគោលកម្ពុជា ដែលបានសហការជាមួយ R & A ក្នុងការរៀបចំសិក្ខាសាលានេះ ឱ្យដំណើរការប្រកបដោយជោគជ័យតាម កម្មវិធីដែលបានគ្រោងទុក។ ទន្ទឹមនឹងនេះ ឯកឧត្ដមបានគូសបញ្ជាក់ជូនអង្គសិក្ខាសាលាជ្រាបថា បច្ចុប្បន្ន កីឡាវាយកូនគោល នៅព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើនជាបន្ដបន្ទាប់ ដោយទទួលការចំណាប់អារម្មណ៍ និងពេញនិយមកាន់តែច្រើនឡើង ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អ្នកជំនួញ ពាណិជ្ជករ យុវវ័យ ក៏ដូចជាភ្ញៀវទេសចរអន្ដរជាតិ ដែលចូលមកទស្សនានៅលើទឹកដីកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ។ ជាក់ស្ដែង ចាប់តាំងពីឆ្នាំ២០០៧ ដល់បំណាច់ឆ្នាំ២០១០ នេះ កម្ពុជាបានរៀបចំព្រឹត្ដិការណ៍នៃការប្រកួតវាយកូនគោលធំៗជាច្រើន ដូចជា ការប្រកួតវាយកូនគោលពានរង្វាន់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន, ASEAN Senior Master, Johnnie Walker Cambodian Open 2010 ។ល។

      ថ្វីត្បិតតែវិស័យកីឡាវាយកូនគោលនៅព្រះរាជាណាចក្រម្ពុជា មានភាពរីកចម្រើនជាបន្ដបន្ទាប់ពិតមែន ប៉ុន្ដែកិច្ច ដំណើរការ និងការប្រកួតកន្លងមកពុំទាន់សមស្របតាមនិយាមច្បាប់អន្ដរជាតិនៅឡើយ។

      សិក្ខាសាលាស្ដីពី Introductory Rules School ដែលបានរៀបចំឡើងក្រោមការជួយគាំទ្រឧបត្ថម្ភពីសំណាក់ R & A នាពេលនេះ មានសារៈសំខាន់ណាស់ ទោះបីមានកិច្ចដំណើរការរយៈពេលខ្លីក៏ពិតមែន ប៉ុន្ដែបានផ្ដល់នូវអត្ថប្រយោជន៍យ៉ាងធំធេង ចំពោះសិក្ខាកាម។ នេះជាសិក្ខាសាលាលើកដំបូង ដែលកម្ពុជាបានទទួលគណៈប្រតិភូរបស់ R & A មកធ្វើការផ្សព្វផ្សាយដោយ ផ្ទាល់ដល់អ្នកលេងកូនគោល និងទីលានកូនគោលនៅកម្ពុជា ឱ្យទទួលបាននូវចំណេះដឹងពីច្បាប់វាយកូនគោលអន្ដរជាតិ។ ក្រោយ ពីសិក្ខាសាលានេះ អ្នកលេងកូនគោលទាំងអស់នៅកម្ពុជា នឹងចាប់ផ្ដើមអនុវត្ដគោរពច្បាប់កូនគោលនេះបានល្អប្រសើរ ដើម្បីជួយ ពង្រឹង និងពង្រីកវិស័យវាយកូនគោលនៅកម្ពុជា ឱ្យមានការឈានឡើងមួយកំរិតទៀត ស្របតាមច្បាប់វាយកូនគោល។

      ដើម្បីឱ្យវិស័យកីឡាវាយកូនគោលនៅកម្ពុជានាពេលខាងមុខដំណើរការបានល្អប្រសើរ ឯកឧត្ដមមានសំណូមពរចំពោះ គណៈប្រតិភូ R & A បន្ដជួយគាំទ្រឧបត្ថម្ភបន្ថែមទៀត ដល់សហព័ន្ធវាយកូនគោលកម្ពុជា ទាំងសម្ភារៈ និងថវិកា ដើម្បីឱ្យ ស្ថាប័ននេះមានលទ្ធភាពអភិវឌ្ឍជាបន្ដបន្ទាប់ និងជួយបណ្ដុះបណ្ដាលមន្ដ្រី សហព័ន្ធវាយកូនគោលកម្ពុជា ដើម្បីពង្រឹងធនធាន មនុស្សផ្នែកច្បាប់កូនគោល ពិសេសជួយបណ្ដុះបណ្ដាលកីឡាករវាយកូនគោលវ័យក្មេង។ ទន្ទឹមនឹងនេះ ទីលានវាយកូនគោល និងកីឡាករវាយកូនគោលកម្ពុជាទាំងអស់ បន្ដយកចិត្ដទុកដាក់ផ្សព្វផ្សាយច្បាប់កូនគោលនេះ ដល់អ្នកវាយកូនគោលទាំងអស់ បានជ្រួតជ្រាបគ្រប់ៗគ្នា ហើយអ្នកវាយកូនគោលគ្រប់រូប ត្រូវយកចិត្ដទុកដាក់អនុវត្ដច្បាប់កូនគោលនេះ ឱ្យដំណើរការប្រកប ដោយប្រសិទ្ធភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

      បន្ទាប់ពីពិធីបិទសិក្ខាសាលានេះ ឯកឧត្ដម ណឹម សុវត្ថិ ព្រមទាំងសមាជិកសហព័ន្ធវាយកូនគោលកម្ពុជាមួយចំនួន បាន បន្ដជួបពិភាក្សា ការងារជាមួយក្រុមសហព័ន្ធកីឡាឡាវ ដែលអញ្ជើញចូលរួមសិក្ខាសាលានេះ ដោយផ្ដោតការយកចិត្ដទុកដាក់លើ កិច្ចសហប្រតិបត្ដិការ ការផ្លាស់ប្ដូរប្រតិភូកីឡាករ និងការប្រកួតកីឡាវាយកូនគោល ដើម្បីដកបទពិសោធន៍បច្ចេកទេស និងរឹត ចំណងប្រពៃណីសាមគ្គីភាព លើវិស័យកីឡាវាយកូនគោល រវាងកម្ពុជា-ឡាវ ឱ្យមានការវិវត្ដន៍ជាបន្ដបន្ទាប់។

      រាជធានីភ្នំពេញ, ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០១១