នៅក្នុងដំណើរបំពេញបេសកកម្មជាផ្លូវការនៅប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១១ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានទទួលបដិសណ្ឋារកិច្ច និងស្វាគមន៍យ៉ាងកក់ក្ដៅ បំផុតពីឯកឧត្តម ឧបនាយករដ្ឋមន្រ្តីការពារប្រទេសឥណ្ឌូនេស៊ី ។ នៅក្នុងជំនួបពិភាក្សាឯកឧត្តម រដ្ឋមន្រ្តីការពារប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី បានផ្ដោតការយកទុកដាក់ពង្រឹង និងពង្រីកកិច្ច-សហប្រតិបត្តិការលើវិស័យយោធាឲ្យកាន់តែមានភាពជិតស្និទ្ធ និងរឹងមាំបន្ថែមទៀត ។

      នៅក្នុងជំនួបពិភក្សា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានស្នើដល់ឥណ្ឌូនេស៊ី ក្នុងនាម ជាប្រធានអាស៊ាន ជម្រុញឲ្យកាន់តែលឿនកាន់តែល្អ នូវការដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍តាម ព្រំដែនកម្ពុជា-ថៃ តាមស្មារតីប្រជុំកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១១ កន្លងមក ។

      ចំពោះអវត្តមានរបស់ភាគីថៃដែលមិនបានចូលរួមក្នុងកិច្ចប្រជុំ GBC នាពេលនេះ ឯកឧត្តម រដ្ឋមន្រ្តីការពារប្រទេសឥណ្ឌូនេស៊ី សម្ដែងនូវការសោកស្ដាយយ៉ាងខ្លាំង ។

      នារាត្រីថ្ងៃនេះ រដ្ឋាភិបាលឥណ្ឌូនេស៊ី បានរៀបចំពិធីជប់លៀងមួយ ជូនដល់គណៈប្រតិភូ ជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា ដោយមានវត្តមានឯកឧត្តម រដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារ ប្រទេស នៃប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី អញ្ជើញចូលរួមផងដែរ ។