តបតាមការអញ្ជើញជាផ្លូវការចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០១១ របស់រដ្ឋមន្រ្តី ការបរទេសឥណ្ឌូនេស៊ី ក្នុងនាមជាប្រធានអាស៊ានប្រចាំឆ្នាំនេះ នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១១ ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួមប្រជុំ គណៈកម្មការព្រំដែនទូទៅ (JBC) និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែល ប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១១ នៅទីក្រុង Bogor ប្រទេសឥណ្ឌូនេស៊ី ។

      នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងការពារ- បរទេសកម្ពុជា បានផ្តល់កិច្ចសម្ភារសន៍ជូនកាសែតជាតិ-អន្តរជាតិថា នៅក្នុងកិច្ចប្រជុំពិភាក្សាបញ្ហា ព្រំដែនកម្ពុជា-ថៃ នៅប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី៧ និងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១១ ខាងមុខ កម្ពុជា ចង់ បង្ហាញអំពីសុច្ឆន្ទៈសារជាថ្មីម្តងទៀត ក្នុងការគោរពប្រតិបត្តិសេចក្ដីថ្លែងការណ៍របស់ប្រធានអាស៊ាន បន្ទាប់ពីកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១១ កន្លងមក ទៅទីក្រុងហ្សាការតា។

      នៅក្នុងកិច្ចសម្ភាសន៍នេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានផ្ដល់បទសម្ភាសន៍ ថា ឯកឧត្តម រួមជាមួយឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ នឹងដឹកនាំ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមប្រជុំក្រៅ ផ្លូវការរវាង រដ្ឋមន្រ្តីការបរទេសកម្ពុជា-ថៃ និងរដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី ក្នុង នាមប្រធានអាស៊ានទាំង កិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ(JBC) ដឹកនាំដោយឯកឧត្តម ទេសរដ្ឋមន្រ្តី វ៉ា គឹមហុង និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដឹកនាំដោយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់

      ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានមានប្រសាសន៍បន្ថែមថា តាមលិខិតកោះអញ្ជើញ របស់រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីក្នុងនាមប្រធានអាស៊ាន ដែលជាអ្នកសម្របសម្រួលកិច្ចប្រជុំសម្រាប់ ស្វែងរកដំណោះស្រាយលើជម្លោះព្រំដែនកម្ពុជា-ថៃពីលក្ខខណ្ឌប្រតិបត្តិ TOR នៃការដាក់ពង្រាយអ្នក សង្កេតការណ៍ឥណ្ឌូនេស៊ី ក្នុងនាមជាប្រធានអាស៊ាន ដើម្បីត្រួតពិនិត្យបទឈប់បាញ់ជា អចិន្ត្រៃយ៍នៅ តំបន់ព្រំដែនកម្ពុជា-ថៃ ។ កន្លងមកឥណ្ឌូនេស៊ី បានស្នើដាក់អ្នកសង្កេតការណ៍មកកាន់ ព្រំដែនកម្ពុជា-ថៃ ហើយកម្ពុជាបានឆ្លើយតបភ្លាមៗ ប៉ុន្តែមកដល់ម៉ោងនេះថៃមិនទាន់ឆ្លើយតបទេ ។ ដូច្នេះមតិជាតិ-អន្តរជាតិ នឹងយល់ថា អ្នកណាមានសុច្ឆន្ទៈ និងអ្នកណាមិនមានសុច្ឆន្ទៈ ដើម្បីឲ្យមានបទ ឈប់បាញ់នៅព្រំដែន កម្ពុជា-ថៃ?

      កិច្ចប្រជុំនេះអាចនឹងឈានទៅរកការស្រុះស្រួលគ្នាមួយ អំពីការពង្រាយអ្នកសង្កេតការណ៍ឥណ្ឌូ-នេស៊ី នៅតំបន់ប៉ះពាល់នៃព្រំដែនកម្ពុជា-ថៃ។បើកិច្ចប្រជុំគណៈកម្មការព្រំដែនJBC មានការវិវត្តន៍ទៅមុខ នោះ គណៈកម្មការព្រំដែនកម្ពុជា-ថៃ អាចឈានឆ្ពោះរកការបោះបង្គោលព្រំដែន ពិសេសនៅតំបន់ ព្រះវិហារដែលជា ចំណុចអាទិភាព ។

      ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានបង្ហាញក្ដីសង្ឃឹមថា ការពិគ្រោះយោបល់រវាង រដ្ឋមន្រ្តីការបរទេសកម្ពុជា-ថៃ និងឥណ្ឌូនេស៊ី អាចឈានទៅដល់ការស្រុះស្រួល ដើម្បីដាក់អ្នកសង្កេត-ការណ៍ ក្នុងនាមជាប្រធានអាស៊ាន នៅតំបន់ព្រំដែនកម្ពុជា-ថៃ ជិតប្រាសាទព្រះវិហារ ។ កម្ពុជា នឹង បង្ហាញសុច្ឆន្ទៈ របស់កម្ពុជាស្ដីពីការដាក់ពង្រាយអ្នកសង្កេតការណ៍ឆាប់កាន់តែល្អ ។ ម្យ៉ាងទៀត កម្ពុជា អាច សង្ឃឹមថា គណៈកម្មារព្រំដែនកម្ពុជា-ថៃ ប្រជុំគ្នាលើកនេះអាចឈានទៅដល់ការថតឆ្លុះពីអាកាស ដើម្បីរក បង្គោលព្រំដែននៅតាមព្រំដែនកម្ពុជា-ថៃ ហើយអាចឈានទៅដល់ការបោះបង្គោលព្រំដែន នៅតំបន់ ព្រះវិហារជាអាទិភាព ។

      ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានមាន ប្រសាសន៍បន្ថែមថា ឯកឧត្តម បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) តាមរយៈការសម្របសម្រួលរបស់ឥណ្ឌូនេស៊ី ដើម្បីពិភាក្សាលើលក្ខខណ្ឌប្រតិបត្តិបញ្ជូនអ្នកសង្កេត-ការណ៍ ឥណ្ឌូនេស៊ីមកកាន់ព្រំដែនកម្ពុជា-ថៃ ។ ម្យ៉ាងទៀតលក្ខខណ្ឌប្រតិបត្តិ នោះសំខាន់បំផុតគឺអនុវត្តតាម សេចក្ដីថ្លែងការណ៍របស់រដ្ឋមន្រ្តីការបរទេស អាស៊ាននាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១១ ដើម្បីឈានដល់ការ ឈប់បាញ់ជាអចិន្រ្តៃយ៍ នៅព្រំដែនព្រះវិហារ។

      បន្ទាប់ពីកងទ័ពថៃបានចូលឈ្លានពាននៅតំបន់ប្រាសាទព្រះវិហារកាលពីថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០០៨ តំបន់ព្រំដែនកម្ពុជា-ថៃប្រាសាទព្រះវិហារកើតមានការវាយប្រយុទ្ធជាបន្តបន្ទាប់ ដោយកាំភ្លើង ធុនធ្ងន់ដែលបង្កឡើងដោយភាគីថៃ ពិសេសកាលពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១១ ថៃបានបង្កើន ការវាយប្រហារលើកម្ពុជា កន្លងមក ដែលនាំឲ្យកងទ័ព ជនស៊ីវិលកម្ពុជា និងថៃស្លាប់ជាច្រើននាក់ ។ យោងតាមសំណូមពររបស់ រាជរដ្ឋាភិបាល ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ បានកោះប្រជុំជា បន្ទាន់មួយ និងអំពាវនាវឲ្យ កម្ពុជា និងថៃដោះស្រាយជម្លោះព្រំដែនដោយសន្ដិវិធី ។ ក្រុមប្រឹក្សាសន្ដិសុខ របស់អង្គការសហប្រជាជាតិ បានប្រគល់ភារកិច្ចនេះជូនរដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី ក្នុងនាមជាប្រធានអាស៊ាន ដើម្បីដឹកនាំកិច្ចប្រជុំសម្រប សម្រួលស្វែងរកដំណោះស្រាយលើជម្លោះកម្ពុជា-ថៃ ។

      នៅថ្ងៃទី២២ ខែកុម្ភៈឆ្នាំ ២០១១ ប្រមុខការទូតអាស៊ានទាំង ១០ប្រទេស បានជួបប្រជុំនៅទីក្រុងហ្សាការតា និងបានសម្រេចដាក់ពង្រាយអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ី មកត្រួតពិនិត្យបទឈប់បាញ់ នៅតំបន់វាយប្រយុទ្ធនៅខាងភាគីកម្ពុជា ១៥នាក់ និងនៅខាងភាគីថៃ១៥នាក់ ។ កម្ពុជាបានឆ្លើយតប យល់ព្រមភ្លាមៗ ក៏ប៉ុន្តែមកដល់ពេលនេះភាគីថៃមិនទាន់ឆ្លើយតបឡើយ ដោយមេទ័ពថៃមិនចង់ឲ្យមាន ពង្រាយអ្នកសង្កេតការណ៍ ដើម្បីធ្វើឲ្យមានបទឈប់បាញ់ជាអចិន្រ្តៃយ៍នៅព្រំដែនជម្លោះទេ ។