កម្ពុជារក្សាជំហរទទួលយកអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី

      ដោយ ទីន ហ្សាការីយ៉ា

      2011-04-12

      មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញអំពីជំហររបស់ខ្លួនថា កម្ពុជានៅតែរក្សាគោលនយោបាយទទួលក្រុមអ្នកសង្កេតការណ៍មកពីប្រទេស ឥណ្ឌូណេស៊ី ទោះបីជារដ្ឋាភិបាលថៃ បានប្រកាសបដិសេធមិនឲ្យអ្នកសង្កេតការណ៍នេះមកត្រួតពិនិត្យព្រំដែន នៃប្រទេសទាំងពីរក្ដី។

 

      RFA/Hang Savyouth

      ក្រុមមន្ត្រីនគរបាលជាន់ខ្ពស់ខ្មែរពិនិត្យមើលថ្មប្រាសាទព្រះវិហារ ដែលបាក់បែកដោយសារតែគ្រាប់កាំភ្លើងថៃបាញ់ចំ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១១។ មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១២ មេសានេះ បានប្រកាសឲ្យដឹងថា កម្ពុជាបានត្រៀមលក្ខណៈជាស្រេចក្នុងការទទួលក្រុមអ្នកសង្កេតការណ៍ ឥណ្ឌូណេស៊ី (Indonesia) ទៅកាន់តំបន់ជម្លោះព្រំដែនខ្មែរ-ថៃ ដើម្បីពិនិត្យមើលបទឈប់បាញ់គ្នា បើទោះបីជាភាគីថៃ បានបដិសេធមិនឲ្យអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី មកពិនិត្យតំបន់ព្រំដែននេះក្តី។

      លោក កុយ គួង មន្ត្រីនាំពាក្យក្រសួងការបរទេសខ្មែរ បានមានប្រសាសន៍ថា កម្ពុជាចង់ឲ្យមានអ្នកសង្កេតការណ៍ចូលមកពិនិត្យមើលតំបន់ជម្លោះ ព្រំដែននៃប្រទេសទាំងពីរ គឺកម្ពុជា-ថៃ ប៉ុន្តែបើភាគីថៃ បានបដិសេធដូច្នេះ គឺកម្ពុជាអនុញ្ញាតឲ្យក្រុមអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី ទៅកាន់តំបន់ព្រំដែនជាឯកតោភាគី ហើយកាលបរិច្ឆេទកំណត់ថា ភាគីឥណ្ឌូណេស៊ី មកពេលណានោះ វាអាស្រ័យលើប្រទេសឥណ្ឌូណេស៊ី ជាអ្នកកំណត់ទេ។ លោក កុយ គួង មានប្រសាសន៍បន្ថែមដូច្នេះ ៖ «ហើយម្យ៉ាងវិញទៀត គេតែងតែចង់បង្កសង្គ្រាមឈ្លានពានមកលើកម្ពុជាជានិច្ច ដូច្នេះឥឡូវនេះអន្តរជាតិគេដឹងកាន់តែច្បាស់អំពីពុតត្បុតរបស់ មេដឹកនាំថៃ បច្ចុប្បន្ន»។

      ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសខ្មែរដូច្នេះ នៅបន្ទាប់ពីកាសែតបាងកក ប៉ុស្តិ៍ (Bangkok Post) កាលពីថ្ងៃទី១១ ខែមេសា បានស្រង់សម្ដីនាយករដ្ឋមន្ត្រីថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) ថា ប្រសិនបើក្រុមអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី ត្រូវបានអនុញ្ញាតឲ្យចូលក្នុងតំបន់ព្រំដែនមានវិវាទនោះ វានឹងធ្វើឲ្យស្ថានភាពនៅព្រំដែនកាន់តែអាក្រក់ទៅ។

      ការថ្លែងរបស់នាយករដ្ឋមន្ត្រីបែបនេះ ទាំងអ្នកឃ្លាំមើលស្ថានការណ៍ព្រំដែនខ្មែរ-ថៃ ទាំងលោក កុយ គួង បានពន្យល់ថា លោក អាភីស៊ិត វេតឆាឈីវ៉ាក់ កំពុងតែបង្ហាញចេតនាសាជាថ្មីម្ដងទៀត ក្នុងការផ្ទុះអាវុធដាក់គ្នារវាងកងកម្លាំងនៃប្រទេសទាំងពីរ ព្រោះថា ការផ្ទុះអាវុធកន្លងមក គឺភាគីថៃ ជាអ្នកបង្កឡើង។

      នាយកប្រតិបត្តិវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព លោក ឈាង វណ្ណារិទ្ធ បានមានប្រសាសន៍ថា ទង្វើរបស់មេដឹកនាំថៃបច្ចុប្បន្ន កំពុងតែប្រមាថទៅដល់ឥណ្ឌូណេស៊ី ដែលជាប្រធានអាស៊ាន និងធ្វើឲ្យឥណ្ឌូណេស៊ី នឹងបាត់តួនាទីរបស់ខ្លួន ពិសេសទៅទៀតនោះ នឹងអាចជះឥទ្ធិពលមិនល្អបង្កើតឲ្យមានអសន្តិសុខនៅក្នុងតំបន់។ លោកបន្តទៀតថា ៖ «ការពន្យារពេលរបស់ថៃ អាចជាប្រយោជន៍មួយដើម្បីឲ្យកម្ពុជា យើងចុះខ្សោយ ជាពិសេសគឺកងទ័ពសមរភូមិមុខ ក៏ប៉ុន្តែខ្ញុំគិតថា អ្វីដែលថៃ កំពុងតែគិតគឺជាការយល់ច្រឡំមួយ ហើយវាឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយមួយមិនចង់ដោះស្រាយដោយសន្តិវិធី របស់ថៃ»។

      ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១១ នៅក្នុងជំនួបកំពូលរដ្ឋមន្ត្រីការបរទេសជាសមាជិកអាស៊ានទាំង ១០ប្រទេស រួមទាំងប្រទេសថៃផងនោះ បានសម្រេចចិត្តបញ្ជូនអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី ទៅអង្កេតតាមដាន និងរាយការណ៍អំពីស្ថានភាពជម្លោះកម្ពុជា និងថៃ។ ប៉ុន្តែក្រោយមកបែរជាថៃ មិនអនុញ្ញាតឲ្យអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី មកកាន់តំបន់ជម្លោះនេះទៅវិញ។

      លោក ឈាង វណ្ណារិទ្ធ បានលើកឡើងថា កម្ពុជាគួរតែធ្វើរបាយការណ៍មួយផ្ញើទៅអង្គការសហប្រជាជាតិ តាមរយៈប្រធានអាស៊ាន ស្ដីពីការវិវឌ្ឍន៍ថ្មីៗរវាងកម្ពុជា-ថៃ ហើយពិសេសទៅទៀតនោះ កម្ពុជាត្រូវតែជំរុញតុលាការអន្តរជាតិនៅទីក្រុងឡាអេ ធ្វើការបកស្រាយសាលក្រមឆ្នាំ១៩៦២នោះ។

      សេចក្ដីប្រកាសព័ត៌មានរបស់តុលាការយុត្តិធម៌អន្តរជាតិ បានបញ្ជាក់ថា សេចក្ដីសម្រេចតុលាការដែលមានការគាំទ្រភាគច្រើន កាលពីថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២ បានកំណត់ប្រាសាទព្រះវិហារស្ថិតនៅក្នុងបូរណភាពទឹកដីកម្ពុជា ហើយក៏បានបញ្ជាឲ្យថៃ ដកកងទ័ព ឬក៏ប៉ូលិសខ្លួន ចេញពីប្រាសាទ និងតំបន់ជុំវិញបរិវេណប្រាសាទព្រះវិហារផងដែរ៕

      Copyright © 1998-2011 Radio Free Asia. All rights reserved.